Tuesday, November 1, 2016

គន្លឹះជោគជ័យក្នុងការតែងនិពន្ធ
ចំណេះដឹងទូទៅ
១. កត្តាអ្វីខ្លះដែលជួយឲ្យអ្នកនិពន្ធសម្រេចជោគជ័យ?
            ក្តីប្រាថ្នារបស់អ្នកនិពន្ធគ្រប់រូបគឺចង់សម្រេចជោគជ័យជាអ្នកតែងនិពន្ធ ចង់ឲ្យមហាជនទទួលស្គាល់និងលើកតម្កើងស្នាដៃរបស់ខ្លួន
តែមានអ្នកនិពន្ធតិចតួចបំផុតដែលអាចដណ្តើមបេះដូងអ្នកអានចាប់តាំងពីស្នាដៃដំបូងរបស់ខ្លួន។ ក្រៅពីនេះអ្នកនិពន្ធខ្លះត្រូវនិពន្ធជាច្រើនរឿង
ទម្រាំតែមហាជនកត់សម្កាល់និងចងចាំឈ្មោះរបស់ខ្លួនបាន ឯអ្នកខ្លះប្រឹងតែងនិពន្ធដែរ តែបានត្រឹមតែមានឈ្មោះថាជាអ្នកនិពន្ធម្នាក់ប៉ុណ្ណោះ
មិនអាចក្លាយជាអ្នកនិពន្ធអស្ចារ្យក្នុងបេះដូងមហាជនបានឡើយ។ ក្នុងសម័យសកលភាវូបកម្មនេះវប្បធម៌មនុស្សជាតិបានសាយភាយឆ្លងគ្នា
ទៅវិញទៅមក ធ្វើឲ្យមហាជនមានគំនិតបញ្ញាកាន់តែខ្ពស់។ កត្តានេះធ្វើឲ្យអ្នកនិពន្ធដែលចង់សម្រេចជោគជ័យត្រូវតែមានគំនិតច្នៃប្រឌិតឲ្យ
ទាន់សម័យដូចគ្នាផងដែរ។
            ក្រៅពីទេពកោសល្យផ្ទាល់ខ្លួនរបស់អ្នកនិពន្ធ​ មានកត្តាសំខាន់ៗមួយចំនួនដែលជួយឲ្យស្នាដៃនិពន្ធទទួលបានការគាំទ្រពីអ្នកអាន។​
កត្តាទាំងនេះមានដូចជា៖
១. ផ្តល់ខ្លឹមសារ ឬគំនិតថ្មីៗដែលមានប្រយោជន៍ : មានទស្សនៈខ្លះនិយាយថា "ពេលអានសៀវភៅអ្វីមួយទៅឃើញមានកំហុស
វេយ្យាករណ៍ច្រើន ខ្ញុំនឹងបោះសៀវភៅចោលភ្លាម" ប៉ុន្តែខ្ញុំមិនគិតបែបនេះទេ ព្រោះបើអត្ថបទនិពន្ធនោះមានខ្លឹមសារសំខាន់ មានគំនិតថ្មីៗ
​ មានប្រធានបទដែលយើងស្រេកឃ្លានចង់ដឹង យើងពិតជាតាមដានទាល់តែអស់សង្ស័យជាមិនខាន។ ដូច្នេះកំហុសវេយ្យាករណ៍បន្តិចបន្តួច
ពុំមែនជាកត្តាសំខាន់ទីមួយនោះទេ(ករណីនេះបណ្ណាធិការអាចជួយសម្រួលឲ្យបាន) ផ្ទុយទៅវិញ គឺសៀវភៅដែលពុំមានខ្លឹមសារគ្រប់គ្រាន់
ឯណោះទេទើបធ្វើឲ្យមនុស្សគិតថា "គ្មានអ្វីគួរឲ្យអាន" នោះ។
ដើម្បីឆ្លើយតបនឹងតម្រូវការនេះតើអ្នកនិពន្ធត្រូវមានអ្វីខ្លះ?
-​ ចំណេះដឹងនឹងបទពិសោធ : ទទួលបានការស្វះស្វែងរៀនសូត្រជាប្រចាំ អាន ស្ដាប់ សង្កេត គិត ស្រាវជ្រាវ កត់ត្រា សន្សំ ដើម្បីឲ្យ
ឃ្លាំងចំណេះមានទំហំកាន់តែធំ ជួយឲ្យយើងមានទិន្នន័យច្រើនយ៉ាងសម្បូរបែបលើប្រធានបទដែលយើងសរសេរ (បើចេះភាសាបរទេស
ថែមទៀតកាន់តែល្អ)។
- រៀនសូត្រពីគំរូស្នាដៃនិពន្ធល្បីៗ (ទាំងស្នាដៃនិពន្ធជាតិនិងអន្តរជាតិ) : ស្នាដៃគុណភាពរបស់អ្នកនិពន្ធល្បីៗសុទ្ធតែផ្តល់គំនិតនិងមេរៀន
ល្អៗជាច្រើនដល់យើង ម៉្យាងជួយឲ្យយើងវាយតម្លៃដឹងថាខ្លួនឯងស្ថិតនៅត្រង់ចំណុចណា អ្នកខ្លាំងនៅត្រង់ចំណុចណា យើងនៅខ្វះអ្វីខ្លះ
ត្រូវអភិវឌ្ឍលើផ្នែកអ្វីខ្លះដើម្បើឈានទៅដល់ចំណុចខ្លាំងនោះ។ ការសុំពាក្យណែនាំដោយផ្ទាល់ពីអ្នកនិពន្ធល្អៗដែលគេពេញចិត្តជួយយើង
នោះក៏ជាប្រការមួយដ៏ប្រសើរផងដែរ។
- មានរូបារម្មណ៍​ មានគំនិតសំយោគ : ចេះប្រមូលគំនិតផ្សេងៗយកមក ផ្សំ ជាគំនិតថ្មីមួយដែលល្អប្រសើរជាងមុន។ មតិខ្លះយល់ថាអ្នក
និពន្ធត្រូវតែពូកែស្រមើស្រមៃ តែខ្ញុំយល់ថា ការស្រមើស្រមៃតែម៉្យាងមិនគ្រប់គ្រាន់ទេ លុះត្រាតែគេមានទិន្នន័យឬគំនិតផ្សេងៗឲ្យបានច្រើន
ជាមុនសិន។ ឧទាហរណ៍ បើយើងស្គាល់រទេះសេះនិងស្គាល់គ្រឿងម៉ាស៊ីន យើងអាចស្រមៃទៅដល់រថយន្តដែលផ្សំដោយរបស់ទាំងពីរ
តែបើយើងមិនស្គាល់របស់ពីរនេះពីរមុនទេ យើងក៏ពិបាកនឹងស្រមៃដល់រថយន្តដែរ។
២. រកឲ្យឃើញចំណុចពិសេសរបស់ខ្លួន : បទនិពន្ធមានច្រើនប្រភេទដូចជាបទយកការណ៍ កំណាព្យ រឿងខ្លី ប្រលោមលោក
(មនោសញ្ចេតនា ស៊ើបសង្កេត ផ្សងព្រេង...) ទស្សនវិជ្ជា ប្រវត្តិសាស្រ្ត ចិត្តវទ្យា... ដែលអ្នកនិពន្ធម្នាក់មិនអាចពូកែគ្រប់យ៉ាងបានទេ។
ប្រធានបទដែលត្រូវសរសេរត្រូវឲ្យស្របនឹងជំនាញឬចំណុចពិសេសរបស់ខ្លួន។ អ្នកខ្លះអាចពូកែសរសេរបទយកការណ៍ប៉ុន្តែមិនប្រាកដ
ថាអាចមកសរសេរប្រលោមលោកមនោសញ្ចេតនាបានល្អទេ។ មុននឹងសរសេរពីអ្វីមួយ យើងត្រូវស្គាល់ ចំណូលចិត្ត ភាពប៉ិនប្រសប់​
របស់ខ្លួន ហើយ ដឹងរឿងនោះឲ្យច្បាស់លាស់។ សុំកុំចង់សរសេរឲ្យបានល្អគ្រប់រឿង ព្រោះធម្មជាតិផ្តល់ទេពកោសល្យឲ្យយើង
មិនដូចគ្នាទេ ការព្យាយាមសរសេរពីអ្វីដែលពុំមែនជាធម្មជាតិរបស់យើង ឬសរសេរអ្វីដែលយើងមិនចេះច្បាស់វានឹងធ្វើឲ្យយើងគ្មានក្តីសុខ
ក្នុងការសរសេរ មិនសប្បាយចិត្តនឹងសរសេរ ស្នាដៃចេញមកមិនបានល្អ គ្មានរសជាតិ។
៣. មានសិល្បៈក្នុងការប្រើភាសា ឃ្លាប្រយោគ​ និងការរៀបលំដាប់លំដោយ :
- ប្រើឃ្លាប្រយោគឲ្យងាយល់បំផុត : សូមកុំបារម្ភ សូម្បីតែឲ្យបណ្ឌិតឬសាស្ត្រចារ្យអានក៏ដោយ ប្រការដែលអ្នកអានគ្រប់រូបចង់បាន
ដូចៗគ្នាគឺ សេចក្តីដែលងាយស្រួលយល់បំផុត។ ជួនកាលការផ្តោតទៅលើវោហាសាស្រ្តលើសពីខ្លឹមសារអាចធ្វើឲ្យមានការភ័ន្តច្រឡំ
អត្ថន័យ ឬធ្វើឲ្យអ្នកអានត្រូវចំណាយពេលច្រើនដោយមិនចាំបាច់ក្នុងការស្វែងយល់។
- រៀបលំដាប់លំដោយគំនិតឬសាច់រឿង : ដោយសារតែស្នាដៃនិពន្ធជាផលិតផលពីការគិត ដូច្នេះបើស្នាដៃនិពន្ធគ្មានរបៀប
​គ្មានលំដាប់លំដោយ នោះជាការបង្ហាញថាវិធីគិតរបស់យើងក៏គ្មានរបៀបដូចគ្នា ដែលវានឹងធ្វើឲ្យពិបាកស្វែងយល់ខ្លឹមសារទៅ
តាមនោះដែរ។ ប្រការសំខាន់ក្នុងការរៀបលំដាប់លំដោយ គឺលំដាប់សាច់រឿង ជំពូក វគ្គ ឬចំណងជើងតូចៗឲ្យជាប់ទាក់ទងគ្នាបានល្អ។
- សមស្របតាមកម្រិតអ្នកអាន : ប្រធានបទនីមួយៗតែងមានគោលដៅសម្រាប់អ្នកអានប្រភេទណា។ ហេតុនេះ ពាក្យ សំនួនវោហារ
ឃ្លោងឃ្លា ត្រូវឲ្យសមស្របតាមកម្រិតអ្នកអានដែលជាគោលដៅ។
- ខ្លី ល្មម : ពុំមែនមានន័យថាឲ្យកាត់អត្ថន័យឬពាក្យមួយចំនួនចោលទេ គ្រាន់តែកាត់ខ្លឹនសារណាដែលមានលក្ខណៈច្រំដែលចេញ
ឬរួមបញ្ចូលមកកន្លែងតែមួយ។
"អ្នកនិពន្ធដ៏ពូកែសរសេររឿងស្មុគស្មាញមួយឲ្យក្លាយជារឿងងាយស្រួល សុំកុំយករឿងងាយស្រួលទៅធ្វើឲ្យស្មុគស្មាញ"
៤. មានពេលវេលា និងការព្យាយាម : អ្នកនិពន្ធត្រូវតែមានពេលវេលាសិក្សាវិធីសាស្រ្តតែងនិពន្ធ និងត្រូវហ្វឹកហាត់ជាប្រចាំ
ទោះបីជាអាចនិពន្ធបានល្អក៏ដោយ។ សុំកុំភ្លេចថា បើយើងនិពន្ធកាន់តែច្រើន យើងក៏និពន្ធបានកាន់តែល្អតាមលំដាប់នោះដែរ។
៥. គោរពក្រមសីលធម៌វិជ្ជាជីវៈ  អ្នកត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈដូចជា៖
            1. រក្សាក្តីសុចរិត មិនលម្អៀង មិនលាក់បំបាំងការពិតឬសាច់រឿងដែលត្រូវសរសេរ។
            2. កុំបំពានលើសិទ្ធអ្នកដទៃ កុំបង្កការក្តៅក្រហាយដល់អ្នកដទៃដោយឥតប្រយោជន៍។
            3. មិនធ្វើជាឧបករណ៍របស់អ្នកដទៃ មិនសរសេរដើម្បីតែប្រយោជន៍ខ្លួនឯងនិងបក្សពួកដោយខ្វះសច្ច
            4. ប្រើភាសាសុភាពរាបសា កុំប្រីភាសាផ្តេសផ្តាសបើគ្មានអ្វីចាំបាច់
            5. ត្រូវប្រយ័ត្នប្រយែងក្នុងការផ្តល់គំនិតឬទស្សនៈ សរសេរនូវអ្វីមានប្រយោជន៍ បណ្តុះគំនិតល្អៗ មិនសរសេរពីអ្វីដែលធ្វើឲ្យ
អ្នកអានយល់ច្រឡំលើផ្លូវខុស​ ឬបើមានត្រូវបញ្ជាក់ឲ្យច្បាស់លាស់ថាអ្វីល្អអ្វីមិនល្អជាប់ជាមួយផង ឧទាហរណ៍ពេលមានតួអង្គណា
មួយលោតទឹកសម្លាប់ខ្លួនដើម្បីភក្តីភាពស្នេហា​ យើងគួរតែមានចំណុចមួយបញ្ជាក់ថា "ទង្វើបែបនេះជារឿងឆោតល្ងង់" ពុំមែនឲ្យចប់
ត្រឹមតែរឿងលោតទឹកប៉ុណ្ណោះទេ។
២. តើយើងអាចវាយតម្លៃស្នាដៃនិពន្ធទៅលើទិដ្ឋភាពអ្វីខ្លះ?
1. តម្លៃផ្តល់ឲ្យសង្គម:
- ផ្តល់ការកម្សាន្ត​​ :  អានជក់ចិត្តដិតអរម្មណ៍ ជ្រួតជ្រាបទៅដល់ជម្រៅចិត្ត ចង់តាមដាន ជួយលើកកម្ពស់ផ្នែកអរម្មណ៍និងបុគ្គលិកលក្ខណៈ
របស់អ្នកអាន។
- ផ្តល់បញ្ញាគំនិត​​​ : ផ្តល់ចំណេះដឹង ផ្តល់គតិបណ្ឌិតនិងដំបូន្មានប្រៀនប្រដៅឲ្យកាន់តែភ្លឺស្វាងឲ្យអ្នកអានមានការអភិវឌ្ឍផ្នត់គំនិត
ទៅរកផ្លូវល្អ។
- ផ្តល់បញ្ញាចិត្ត : ស្មារតីសតិសម្បជញ្ញៈ ស្មារតី​មនសិការ ជួយលើកម្លាំងចិត្ត បណ្តុះមនោសញ្ចេតនាសកល (មានការរតស៊ូលះបង់)
ផ្លាស់ប្តូរទំលាប់មិនល្អ ហ្វឹកហាត់ឆ្លើយតបទៅនឹងប្រតិកម្មផ្សេងៗយ៉ាងសមរម្យ។
2. តម្លៃលើផ្នែកអក្សរសាស្រ្ត : មាន​សិល្បៈក្នុងការប្រើភាសានិងការអធិប្បាយខ្លឹមសារ (ប្រើភាសាបានរលូន ឆាប់យល់
អានមិនធុញ ស្របតាមគោលការណ៍វេយ្យាករណ៍)
3. តម្លៃលើការគិត : គិតជាប្រព័ន្ធ (មានតក្កៈ​ តថភាព ហេតុផលមួយនាំទៅរកហេតុផលមួយទៀត) មានទស្សនវិស័យវែងឆ្ងាយ
មានគំនិតផ្តួចផ្តើមច្នៃប្រឌិត។
៣. ចំណុចខ្លាំងនិងស្ទីលរបស់ខ្លួន
ចំណុចខ្លាំង : គឺទម្រង់និងប្រភេទនិពន្ធដែលខ្លួនចូលចិត្ត ហើយអាចសរសេរបានល្អ​ សរសេរទៅធ្វើឲ្យរំភើបជក់ចិត្ត និង
ប៉ិនប្រសប់ជាងគេ​​ ដូចជា​អ្នកអាចពូកែកំណាព្យ សរសេរបទវិភាគ បទយកការណ៍ អធិប្បាយពត៌មាន គំនិតទស្សនៈ រឿងនិទាន
រឿងខ្លីៗ ប្រលោមលោក ដែលមានប្រភេទផ្សេងៗដូចជាប្រភេទស៊ើបអង្កេត មនោសញ្ចេតនា ផ្សងព្រេង ។ល។
ស្ទីលក្នុងការសរសេរ : គឺវិធីប្រើពាក្យពេចន៍ឃ្លាប្រយោគ វោហារ ពាក្យគន្លឹះផ្តោះផ្តង លេបខាយ ឬអ្វីមួយដែលជាលក្ខណៈរបស់ខ្លួន
រួមទាំងបង្ហាញឲ្យឃើញពីបុគ្គលិកលក្ខណៈ និងអត្តសញ្ញាណរបស់ខ្លួនក្នុងការសរសេរ ឧទាហរណ៌ដូចជា៖
- ខ្លះចូលចិត្តសរសេរឃ្លាប្រយោគងាយៗ តែមានន័យជ្រៅៗ
- ខ្លះចូលចិត្តពិពណ៌នាយ៉ាងល្អិតល្អន់ បង្ហាញរូបភាពច្បាស់ៗ​ ប្រើភាសាទន់ភ្លន់...
- ខ្លះចូលចិត្តប្រើភាសាមានលក្ខណៈជាទ្រឹស្តី បែបគំនិតខ្ពស់ៗ
- ខ្លះចូលចិត្តនិយាយភាសាសាមញ្ញ និយាយកំប្លែងលេងទៅតាមសម្រួល
- ខ្លះចូលចិត្តលាក់បង្កប់ទស្សនៈ គំនិតប្រាជ្ញាសម្រាប់ឲ្យគិត
- ខ្លះមានវិធីសរសេរប្លែកៗ ថ្មីៗ ដែលខុសប្លែកពីអ្នកដទៃ
            បើមានវិធីសរសេរដែលថ្មីប្លែកពីគេ​ ស្នាដៃរបស់អ្នកនឹងត្រូវបានគេចាប់អារម្មណ៍មិនខាន។ ស្ទីលរបស់អ្នកគឺជាលក្ខណៈសម្គាល់
ពិសេសដែលមិនមែនជារបស់អ្នកដទៃ។ អ្នកនិពន្ធម្នាក់ៗ ត្រូវមានស្ទីលដ៏លេចធ្លោរបស់ខ្លួនឯង។
តើត្រូវស្វែងរកចំណុចខ្លាំងនិងស្ទីលរបស់ខ្លួនដូចម្តេច?
1.​ អានសៀវភៅគ្រប់ប្រភេទឲ្យបានច្រើន​ : ពេលបានអានសៀវភៅច្រើន យើងនឹងអង្កតដឹងថា តើសៀវភៅប្រភេទណាដែលយើង
ចូលចិត្តអានជាងគេ? តែមិនមែនមានន័យថាអ្នកត្រូវចំលងស្ទីលពីគេនោះទេ គឺដើម្បីយកមកកែសម្រួល ច្នៃប្រឌិត​រកស្ទីលជាលំនាំរបស់
ខ្លួនឯងប៉ុណ្ណោះមិនគួរដើរតាមលំនាំរបស់គេគ្រប់យ៉ាងនោះទេ។
2. ហ្វឹកហាត់សាកល្បងស្ទីលផ្សេងៗ : ដើម្បីឲ្យដឹងថាខ្លួនពូកែក្នុងស្ទីលណា
3. ឲ្យអ្នកដទៃជួយវាយតម្លៃ : មិត្តភក្តិ ឬបុគ្គលជំនិត
4. កត់ត្រាចំណុចខ្លាំង និងចំណុចខ្សោយ នៅពេលសាកល្បងក្នុងស្ទីលនីមួយៗ
5. សិក្សាពីចំណូលចិត្ត បុគ្គលិកលក្ខណៈរបស់ខ្លួន ដើម្បីឲ្យដឹងថាជាមនុស្សប្រភេទណា ឧទាហរណ៍ ចូលចិត្តនិយាយលេង
អណ្ដែតអណ្តូង ជាអ្នកអប់រំ...
6. រកឲ្យឃើញឆន្ទៈ ឬកម្លាំងបណ្តាលចិត្ត : ការតែងនិពន្ធបែបណាដែលធ្វើឲ្យយើងចូលចិត្តសរសេរបំផុត?
7.​ រកឲ្យឃើញចំណាប់អារម្មណ៍ពិសេសរបស់ខ្លួន​ : ចូលចិត្តគិតពីអ្វីក្នុងជីវិតប្រចាំថ្ងៃ? កំណាព្យ ទស្សនៈ ប្រលោមលោក
បទចម្រៀង...​ ការរកឃើញចំណាប់អារម្មណ៍អាចឲ្យយើងរកស្ទីលរបស់ខ្លួនឃើញ។
8.​ វាស់ស្ទង់ពីចំណេះដឹងរបស់ខ្លូន
            ឧទាហរណ៍ បើចូលចិត្តសរសេរពីរឿងព្រេងអ្នកត្រូវដឹងថា តើខ្លួនមានចំណេះដឹងខាងប្រវតិ្តសាស្រ្តកំរិតណា? បើចូលចិត្ត
សរសេររឿងស៊ើបអង្កេត តើអ្នកដឹងពីល្បិចកលចោរ ចេះដឹងអំពីយុទ្ធវិធីនិងបច្ចេកវិទ្យារបស់ក្រុមប៉ូលិសដល់កម្រិតណា? បើសរសេរពី
រឿងប្រលោមលោកតើអ្នកយល់ដឹងពីសង្គមដល់កម្រិតណា តើបុគ្គលិកលក្ខណៈចរិតនិស្ស័យរបស់មនុស្សមានប៉ុន្មានប្រភេទ? យល់ដឹង
ពីចិត្តវិទ្យាមនុស្សដល់កម្រិតណា និងជាពិសេសតើអ្នកយល់ដឹងពីដំណើរការប្រលោមលោកថ្នាក់ជាតិនិងអន្តរជាតិដើរទៅដល់ណា
ហើយដឹងពីស្ថានភាពខ្លួនឯងកំពុងស្ថិតនៅចំកន្លែងណា? មុន? ក្រោយ? កណ្តាល?
"ជីវិតប្រៀបដូចជារឿងនិទានដូច្នោះដែរ មិនសំខាន់ថាវាវែងឬខ្លីយ៉ាងណានោះទេ តែវាសំខាន់នៅត្រង់ថា​
តើវាល្អដល់កម្រិតណា?"
៤. សិល្ប៍វិធីក្នុងការសរសេរដើម្បីទាក់ទាញចិត្តអាន
ច្បាប់ទី1 : មានចំណេះដឹងគ្រប់គ្រាន់
ដឹងពីរឿងដែលត្រូវសរសេរ... សរសេរពីរឿងដែលខ្លូនដឹង
            អ្នកនិពន្ធពូកែៗដែលអាចសម្រេចជោគជ័យ លុះត្រាតែ
            -​ ដឹងថាខ្លួនសរសេរអំពីអ្វី មានគោលបំណងអ្វី បានប្រយោជន៍អ្វីខ្លះ មានក្របខណ្ឌត្រឹមណា?
            - អ្វីទៅដែលជាខ្លឹមសារសំខាន់ ឬគោលគំនិតចម្បង?
            - និពន្ធក្នុងទម្រង់អ្វី (ជាដំបូន្មាន សម្រាប់អានកែកម្សាន្ត ឬជាក្បួនតម្រា...។ល។)
            - និពន្ធសម្រាប់អ្នកអានប្រភេទណា (ក្មេងឬចាស់ ប្រុសឬស្រី អ្នករកស៊ីអ្វី ចេះដឹងកម្រិតណា?)
            បើមិនទាន់ស្គាល់ស្នាដៃរបស់ខ្លួនពិតប្រាកដនៅឡើយ តើនឹងឲ្យអ្នកអាន ស្គាល់អ្នកម្តេចនឹងបាន?
ម៉្យាងទៀត អ្នកត្រូវសរសេរអំពីរឿងដែលខ្លួនឯងដឹង ប៉ិនប្រសប់ មានអំណះអំណាងគ្រប់គ្រាន់ បើខ្លួនចេះស្ទើរ មិនជំនាញ
ស្នាដៃរបស់អ្នកពិតជាមិនអាចទិញទឹកចិត្តអ្នកអានបានឡើយ។
ចេះបំពេញកង្វះខាតផ្នែកចំណេះដឹង អារម្មណ៍ ចេះឲ្យច្រើនជាងអ្នកដទៃ ចេះពីអ្វីដែលគេមិនទាន់ចេះ
សរសេរពីអ្វីដែលគេមិនទាន់សរសេរ :
            ទោះបីជាអ្នកសរសេររឿងអ្វីក៏ដោយ បើសរសេរពីអ្វីដែលគេសរសេររួច ហើយ ស្នាដៃអ្នកនឹងឥតប្រយោជន៍ លើកលែងតែអ្នកមាន
អ្វីៗដែលពិសេសជាងអ្នក​មុន លើសពីអ្នកមុន ដោយយកអ្វីដែលគេមានរួចហើយ មកបន្ថែមបំពេញឲ្យមានលក្ខណៈស៊ីជម្រៅ ប្លែកពីមុន
មានគំនិតផ្សេងពី  មុន ដោយពុំទាន់មាននរណានឹកឃើញ។
នេះជាប្រការដែលធ្វើឲ្យស្នាដៃនិពន្ធរបស់អ្នកមានភាពលេចធ្លោ គួរឲ្យចាប់អារម្មណ៍។
ច្បាប់ទី ២ : ខ្លីៗ ច្បាស់ៗ សាមញ្ញ... តែចាក់ចំៗ
ការសរសេរ មិនចាំបាច់ត្រូវប្រើពាក្យពិបាកៗ ជ្រៅៗ ឬប្រើភាសាខ្ពង់ខ្ពស់អស្ចារ្យអ្វីឡើយ​ តែត្រូវឲ្យវាមានលក្ខណៈខ្លីៗ មិនវែងអន្លាយ
មិនតឃ្លាតប្រយោគសន្ធឹកសន្ធាប់មិនចេះចប់មិនចេះហើយ រហូតដលល់អានចប់នៅតែមិនយល់ដដែល។ សំណេរត្រូវឲ្យមានភាព
ច្បាស់លាស់ មិនស្រពេចស្រពិលឲ្យអ្នកអានងាយយល់​ មិនតានតឹង មិនធុញទ្រាន់។
ច្បាប់ទី ៣ : មានយុទ្ធសាស្រ្តក្នុងការសរសេរ ធ្វើឲ្យស្នាដៃមានសម្រស់ ត្រូវមានភាពវៃឆ្លាតក្នុងការសរសេរ និងប្រកប
ដោយចិត្តសាស្រ្ត
- ចេះធ្វើការបរិយាយឲ្យឃើញរូបភាព​ ធ្វើឲ្យអ្នកអានជក់អារម្មណ៍ ចង់តាមដានជាមួយអ្នកនិពន្ធ ភាសាមានទម្ងន់ មានហេតុផល
មានលក្ខណៈអាចទៅរួច។
- ចេះប្រើតិចនិច ប្រើវិធីប្លែកៗដើម្បីបង្កើនសម្រស់ (មិនដដែលៗ) ធ្វើឲ្យស្នាដៃមានភាពសម្បូរបែប មានកន្លុកកន្លៀត មិនធុញទ្រាន់
(ឧ : បរិយាយពីសកម្មភាពក្នុងផ្ទះ ៖ យើងអាចរៀបរាប់ពីពេលកំពុងបរិភោគបាយ ពេលខ្លះទៀតរៀបរាប់ពេលអង្គុយក្នុងសួន និង
ផ្លាស់ប្តូរទៅតាមអ្វីដែលយើងយល់ថាវាជួយឲ្យមានបរិយាកាសប្លែកៗ...។ល។)
- ការនិពន្ធប្រភេទខ្លះ តម្រូវឲ្យមានឧទាហរណ៍ ការបង្ហាញរូបភាព ការបញ្ជាក់ចំណុចសំខាន់ៗ ឬប្រើ Font អក្សរផ្សេងៗគ្នា ដើម្បី
ងាយស្រួលក្នុងការសង្កេតជាដើម។
- រៀបលំដាប់លំដោយឲ្យរលូន មានទំនាក់ទំនងគ្នាជាហូរហែរ មិនធ្វើឲ្យវង្វេង។
- បង្កើតទំនាក់ទំនងជាមួយអ្នកអាន ឲ្យអ្នកអានបានរួមចំណែកជាមួយ ដូចជា ការដាក់សំណួរ ការដាក់ជាពាក្យស្លោកឲ្យត្រិះរិះពិចារណ
ឬដាក់ជាល្បែងល្បងប្រាជ្ញាផ្សេងៗជាដើម។
ច្បាប់ទី ៤ : គិតឲ្យអស្ចារ្យ
គិតក្រៅព្រំដែន បំបែកគំនិតចាស់
            ពេលខ្លះអ្នកគួរតែហ៊ានសរសេរនូវអ្វីដែលប្លែកពីគំនិតចាស់ៗផងដែរ។ ការដែលបង្កើតវិធីថ្មីៗដែលមិនដូចអ្នកដទៃវា
នឹងជួយឲ្យស្នាដៃនិពន្ធយើងត្រូវបានគេឆាប់ចាប់អរម្មណ៍។
            ឧ : គេនិយមសរសេររឿងមនោសញ្ចេតនាបែបផ្អែមល្ហែម តែយើងអាចសរសេរពីភាពទន់ជ្រាយរបស់មនុស្សស្រី យើងគួរ
លើកយកមកសរសេរអំពីភាព  រឹងប៉ឹងទៅវិញ...។ល។
មានគំនិតផ្តួចផ្តើម
            បើអ្នកគិតដូចៗគេ ស្នាដៃរបស់ក៏បានត្រឹមតែជាស្នាដៃធម្មតាទូទៅប៉ុណ្ណោះ។ មានវិធីពីរយ៉ាង
            1. ដើរតាមគេ (បើដើរតាមផ្លូវចាស់ វាអាចនឹងងាយស្រួល តែវាសល់តែកាកសំបកប៉ុណ្ណោះ)
            2. រកផ្លូវថ្មី (វាពិបាកជាង តែយើងមានសិទ្ធទទួលបានកំណប់ធំ)
ប្រើការស្រមើស្រមៃ ប្រើរូបារម្មណ៍
តាមធម្មតាយើងរស់នៅលើលោកនៃការពិត ដែលអ្វីៗមានលក្ខណៈដដែលៗធ្វើឲ្យយើងធុញទ្រាន់។ ពេលខ្លះយើងគួរបណ្តែតអារម្មណ៍ឲ្យ
អណ្តែតត្រសែតដល់ពិភពនៃការស្រមើស្រមៃណាមួយតាមរយៈ ការតែងនិពន្ធ ដែលធ្វើឲ្យអ្នកអានបានអណ្តែតផុតពីលោកនៃការពិត ទៅ
ដល់លោកនៃក្តីស្រមៃ។ ពេលនោះ គេអាចនឹងជក់ចិត្តជាមួយនឹងការស្រមើស្រមៃរបស់អ្នកផងដែរ ( ឧ : រឿងចម្លែកៗ មានហោះហើរ
មានសិល្ប៍ មានមនុស្សភពផ្សេង មានឧបករណ៍ទំនើបដែលលោកមិនទាន់មាន)។
ក្តីស្រមើស្រមៃនិង ហ្វិនតាស៊ី (Fantacy) ក៏ជាការផ្លាស់ប្តូរបរិយាកាសចម្លែកៗឲ្យជីវិតម៉្យាងដែរ។
"ជាញឹកញាប់ណាស់ដែលរូបារម្មណ៍បាននាំយើងទៅដល់លោកមួយដែលពុំមានការពិត តែបើពុំមានរូបារម្មណ៍ទេ យើង
ក៏មិនអាចបានទៅដល់ទីណាឡើយ" (ខាល សាកេន)
ការច្នៃប្រឌិត ត្រឡប់ចុះត្រឡប់ឡើង : របស់តែមួយតែមានវិធីប្រើច្រើនយ៉ាង
            យើងត្រូវចេះប្រមែប្រមូលអ្វីៗនៅជុំវិញខ្លួន យក​មកប្រើឲ្យមានប្រយោជន៍បំផុតសម្រាប់ការតែងនិពន្ធ។ ឧ : រត់យ៉ាងលឿន
ដាក់មេប្រូច រត់ផាសក្រញាំ រត់បាតជើងសព្រាត រត់ប្រាសអាយុ...

ច្បាប់ទី ៥ : សំណេររស់រវើក សំណេរមានពិភពផ្ទាល់ខ្លូន ទាញអ្នកអានឲ្យចូលទៅនៅក្នុងសៀវភៅ
            ​អ្នកត្រូវធ្វើឲ្យអ្នកអានវេញអារម្មណ៍បញ្ចូលជាមួយពាក្យពេចន៍ ភាសាដែលអ្នកបានសរសេរឲ្យអ្នកអានកើតមានរូបភាពនៅ
ក្នុងចិត្ត ទទួលដឹងអំពីរសជាតិ ក្លិន សូរសំឡេង..នឹងទទួលអារម្មណ៍ថាខ្លូនកំពុងស្ថិតនៅក្នុងសាច់រឿង។
ច្បាប់ទី ៦ : គិតនិងសរសេរទៅតាមវិញ្ញាណរបស់អ្នកអាន
            អ្នកត្រូវផ្តាច់ខ្លូនចេញពីអារម្មណ៍របស់ខ្លូនឯង ជំនួសដោយអារម្មណ៍អ្នកអានមកវិញ ឬបើសរសេរពីគំនិតខ្លួនឯងក៏
ត្រូវតែដាក់គំនិតអ្នកអានយកមកផ្ទៀងផ្ទាត់ផងដែរ។ ស្វែងយល់ពីគំនិតនិងអារម្មណ៍ដែលអ្នកអានចង់បាន ផ្តល់នូវចម្លើយ
គ្រប់យ៉ាងដែលគេត្រូវការ យកអារម្មណ៍អ្នកអានមកធ្វើជាគោល បើយកអារម្មណ៍ខ្លួនឯងមកធ្វើជាគោល អ្នកមុខជាសរសេរទុក
សម្រាប់អានតែខ្លូនឯងជាមិនខាន។
"ត្រូវនិយាយពីអ្វីដែលគេចង់ស្ដាប់ មិនមែននិយាយពីអ្វីដែលខ្លួនចង់និយាយនោះទេ"
ច្បាប់ទី ៧ : ជឿជាក់លើអ្វីដែលខ្លួនសរសេរ
            បើអ្នកសរសេរមិនជឿខ្លួនឯងផង តើឲ្យអ្នកដទៃគេជឿដូចម្ដេចបាន?
ច្បាប់ទី ៨ : សរសេរនិងលើកបង្ហាញទៅតាមបែបរស់របស់ខ្លួនឯង
អ្នកត្រូវស្មោះត្រង់នឹងខ្លួនឯង ហ៊ានបង្ហាញនូវអ្វីជារបស់ខ្លួន មិនចាំបាច់ទៅធ្វើតាមត្រាប់អ្នកដទៃនោះទេ ព្រោះការធ្វើត្រាប់តាមអ្នកដទៃ
វាអាចនឹងធ្វើឲ្យស្នាដៃរបស់អ្នកទៅជាពុំសូវមានតម្លៃ។
ច្បាប់ទី ៩ : មានសិល្បៈ មានវោហាសាស្រ្ត
            ស្គាល់ពាក្យយ៉ាងសម្បូរបែប ចេះលេងសម្តី ប្រើវេហារ ចេះប្រើមនោភាព ការសរសេរអ្វីៗត្រង់ភ្លឹង វាប្រៀបដូចជាចម្រៀង
អត់ភ្លេងដូច្នោះដែរ។
ឧ : ឈប់និយាយ! ក្នុងករណីខ្លះយើងមិននិយាយ ស្ងៀម! បិទមាត់! ឬបិទចំពុះ! បើមិននិយាយពិរោះជាង!
- ការឧបមា : ដូចជា ប្រៀបដូចជា ហាក់បីដូចជា ដូចទៅនឹង...
- ការប្រើពាក្យផ្ទុយ : ចុះនរកទាំងរស់ ស្ថានសួគ៌លោកិយ៍ ចោរចិត្តជា...
- សង្កត់ទម្ងន់ : យំទាល់តែទឹកភ្នែកក្លាយជាស្ទឹង...
- បញ្ចូលអារម្មណ៍ទៅលើវត្ថុឬធម្មជាតិ : សំណើចចំអកនៃព្រហ្មលិខិត យកមេឃជាសាក្សី...
- ប្រើឈ្មោះកំណត់ : ទេពអប្សរប្រចាំសាលា...
- ប្រើនាមសំគាល់ : ស្រុកទឹកអប់ (ប្រទេសបារាំង) ស្រុកត្បូងពេជ្រ (ប៉ៃលិន)

ច្បាប់ទី ១០ : សរសេរ​ចេញពីជម្រៅចិត្ត ប្រកបដដោយសេរីភាពពេញទី (គ្មានជំពាក់នរណា)
អ្នកត្រូវចេះគោរពទឹកចិត្តនឹងអារម្មណ៍របស់ខ្លួន ការសរសេរទាំងបង្ខំចិត្ត វាមិនហុចផលល្អអ្វីឡើយ។ អ្នកមិនគួរភ័យខ្លាចឬបណ្តោយឲ្យ
អ្នកផ្សេងមកមានឥទ្ធិពលលើកិច្ចការរបស់ខ្លួន ដូចជាមកអង្កុយរិះគន់យ៉ាងនេះយ៉ាងនោះ ឬដាក់បែបបទថាត្រូវសរសេរយ៉ាងនេះ
យ៉ាងនោះទេ ព្រោះវាអាចធ្វើឲ្យកិច្ចការរបស់អ្នកទៅជាគ្មានឧជារស មិនហ៊ានសរសេរអ្វីៗឲ្យអស់ពីជម្រៅចិត្តរបស់ខ្លួន។
"អ្នកអាចសុំឲ្យគេផ្ដល់យោបល់ តែមិនមែនឲ្យគេមកបិទសេរីភាពក្នុងការសរសេររបស់ខ្លូនឡើយ"
ច្បាប់ទី ១១ :​ដើរឲ្យទាន់ចង្វាក់ពេលវេលា
អ្នកអានក្នុងសង្គមនីមួយៗតែងមានការចាប់អារម្មណ៍ទៅតាមរបត់នៃចង្វាក់ពេលវេលា។ ពេលមានសង្រ្គាម មនុស្សតែងចាប់អារម្មណ៍
លើគ្រឿងសព្វាវុធ លើប្រវត្តិសាស្រ្ត... ពេលសង្គមនៅក្រីក្រ មនុស្សតែងចាប់អារម្មណ៍ទៅលើការរកចំណូល ផ្នែកសេដ្ឋកិច្ច​ រកមានបាន
ពេលសង្គមស្ងប់ មានជីវភាពគ្រប់គ្រាន់​ គេចាប់អារម្មណ៍ទៅរកការកម្សាន្ត សេចក្តីសុខ...។
៥. ជំហាន ៧ នៃការតែងនិពន្ធ
ពេលដែលយើងរកឃើញចំណុចខ្លាំង ព្រមទាំងស្ទីលរបស់ខ្លួនហើយ អ្នកគួរស្វែងយល់អំពីដំណាក់កាលផ្សេងៗក្នុងការតែងនិពន្ធ
ដើម្បីអាចឲ្យយើងរក្សាបាននូវគោលការណ៍ផ្សេងៗក្នុងការនិពន្ធ។
ជំហានទី ១ : ជ្រើសរើសរឿងដែលត្រូវសរសេរ
នេះជាចំណុចដ៏សំខាន់បំផុត ព្រោះការសរសេររបស់អ្នកនឹងទទួលជោគជ័យឬមិនបាន វាអាស្រ័យទៅលើការចេះលើកយកប្រធានបទ
មកសរសេរ។ អ្វីទាំងនោះមានដូចជា ៖
1. ជ្រើសរើសយករឿងណាដែលអ្នកចេះច្បាស់ ធ្លាប់មានការយកចិត្តទុកដាក់និងស្ទាត់ជំនាញបំផុត។
2. ជ្រើសរើសយកអ្វីដែលប្លែក ថ្មី គួរឲ្យចាប់អារម្មណ៍ និងដែលយើងជឿជាក់ថាអាចរកពត៌មានបានយ៉ាងគ្រប់គ្រាន់សម្រាប់យក
មកសរសេរ។
3. អ្នកអាចយករឿងចាស់ៗដែលគេសរសេររួចហើយ មកសរសេរជាថ្មី ដោយបន្ថែមសេចក្ដីឲ្យបានទូលំទូលាយជាងមុន ឬសរសេរទៅ
តាមបែបថ្មីដែលខុសប្លែកពីមុន។
ឧ : រឿងពស់កេងកង ត្រូវបានគេយកមកបន្ថែមឲ្យទៅជារឿងកូនពស់កេងកង...។
4. ជ្រើសរើសរឿងដែលគេកំពុងពេញនិយម តែច្នៃឲ្យចេញតាមទម្រង់ផ្សេងៗ ប្លែកៗ។
ឧ : មនុស្សនិយមអានរឿងខ្មោច យើងអានសរសេររឿងខ្មោច តែមានទម្រង់ខុសពីគេ។
ទោះជាយ៉ាងណាក៏ដោយ អ្នកត្រូវកត់សម្កាល់ថា សំណេររបស់អ្នកនឹងមិនវែងអន្លាយរហូតដលរកកោះត្រើយមិនឃើញ ឬខ្លីហួសហេតុ
ស្ទើរតែពុំមានអ្វីនឹងសរសេរនោះឡើយ
ជំហានទី ២ : កំណត់លក្ខខណ្ឌដំបូងៗក្នុងការនិពន្ធ
1. ប្រភេទរឿង : ជាប្រភេទរឿងប្រលោមលោក ផ្តល់ចំណេះដឹង កំប្លែង ឬជានិទានខ្លីៗសម្រាប់អានលេង...
2. សរសេរឲ្យអ្នកណាអាន? សរសេរសម្រាប់អ្នកអានប្រភេទណា សិស្ស មនុស្សទូទៅ ក្មេង ចាស់
3. ប្រហែលប៉ុន្មានទំព័រ? តើត្រូវឲ្យវាវែងខ្លីកម្រិតណា?
4. ទម្រង់បែបបទក្នុងការសរសេរ : តើត្រូវជ្រើសរើសវិធីសរសេរដូចម្តេចដើម្បីឲ្យគេចាប់អារម្មណ៍មានចិត្តចង់អាន សមស្របទៅតាមកម្រិត
អ្នកអាន?
5. សរសេរក្នុងបំណងអ្វី? ចង់បង្ហាញពីអ្វី? ចង់ឲ្យមនុស្សដឹងពីអ្វី? ចង់ឲ្យមនុស្សបានរៀនសូត្រពីអ្វី?...
6. កម្រិតព្រំដែន​ : ដើម្បីកុំឲ្យវាវែងអន្លាយហួស ឬកុំឲ្យខ្លីហួស។
7. ប្រយោជន៍ដែលនឹងទទួលបាន : ប្រយោជន៍ទាំងអ្នកសរសេរ ទាំងអ្នកអាន?
ជំហានទី ៣ : ស្រាវជ្រាវចំណេះដឹង ពត៌មាន ឯកសារ
យើងអាចស្រាវជ្រាវចំណេះដឹង ពត៌មាន ឯកសារផ្សេងៗតាមរយៈសៀវភៅអាន ទស្សនាវដ្តី កាសែត អ៊ីនធើណេតស៊ីឌី ឬតាមរយៈ
ការសម្ភាសជាដើម។ ពេលបានពត៌មានគ្រប់គ្រាន់ហើយគួររៀបចំបែងចែកចំណុចសំខាន់ ឬមិនសំខាន់ឲ្យបានច្បាស់លាស់។
បណ្តុំពត៌មានគឺជាគន្លឹះសំខាន់ក្នុងការសាងស្នាដៃធំៗឲ្យកើតឡើង។
ឧ : បើអ្នកចង់សរសេររឿងមួយនៅក្នុងសម័យកាលណាមួយ ក្នុងស្រុកណាមួយ អ្នកត្រូវដឹងភូមិសាស្រ្ត ទំនៀមទម្លាប់ ប្រវត្តិផ្សេងៗនៅ
ទីនោះឲ្យបានច្បាស់ជាមុនសិន។
ជំហានទី ៤ :​ គ្រោងរឿង
ការសរសេរគ្រោងសាច់រឿងអាចជួយដល់យើងឲ្យ ៖
- មានគោលគំនិតជាក់លាក់និងមានព្រំដែនច្បាស់លាស់ មិនចាកប្រធាន មិនងាករេខុសពីសាច់រឿង។
- មានរចនាសម្ព័ន្ធត្រឹមត្រូវ ដឹងថាផ្នែកនីមួយៗមានចំណុចសំខាន់អ្វីខ្លះ ត្រូវសរសេរពីអ្វីខ្លះ។
- ប្រមើលមើលដោយរួមថាវាចេញមករបៀបណា? មានអ្វីខ្លះនៅក្នុងនោះ? លើសឬខ្វះចំណុចខ្លះដើម្បីត្រូវកែលម្អបន្ថែម។
- ជួយឲ្យស្នាដៃនិពន្ធមានឯកភាព មានភាពស៊ីជម្រៅ មានទំនាក់ទំនងគ្នាយ៉ាងរលូន។
ក្នុងការរៀបលំដាប់ យើងត្រូវចាប់ផ្ដើមគោលរឿងធំៗជាមុន ដោយផ្តើមពីហេតុការណ៍ដំបូងរហូតដលហេតុការណ៍ចុងក្រោយបង្អស់
ពីចំណងជើងធំៗមកចំណងជើងតូចៗ ដោយធ្វើយ៉ាងណាត្រូវរក្សាគោលប្រធានបទធំឲ្យបាន។
ជំហានទី ៥ : សរសេរសាច់រឿង
ពេលសរសេរគ្រោងរឿងចប់ហើយ ជាទូទៅការសរសេរសាច់រឿងមាន អារម្ភកថា សេចក្ដីផ្ដើម សាច់រឿង(តូសេចក្ដី) និងសេចក្ដីបញ្ចប់។
ការសរសេរអារម្ភកថា : ដើម្បីឲ្យអ្នកអានដឹងថា
- អ្នកនឹងសរសេរពីអ្វី? ក្នុងគោលបំណងអ្វី?
- មានចំណុចសំខានអ្វីខ្លះ?
- អរគុណចំពោះអ្នកអាន ។ល។
ការសរសេរសេចក្ដីផ្ដើម​ : គឺការត្រួសត្រាយផ្លូវដើម្បីឲ្យអ្នកអានដឹងថាយើងកំពុងនាំគេឆ្ពោះទៅទីណា?
- រៀបរាប់ពីដំណើរដើមទងរបស់រឿង តែមិនចាំបាច់ឲ្យវែងអន្លាយពេកទេ ព្រោះវាអាចធ្វើឲ្យអ្នកអានច្របូកច្របល់រកចាប់សេចក្តីមិនបានថា
យើងចង់សំដៅលើអ្វី។
- ប្រមើលមើលដោយត្រូសៗអំពីគោលគំនិតនៃសាច់រឿង។
- ហេតុផលនៃការសរសេរមានសារៈសំខាន់អ្វីខ្លះ? មានអ្វីប្លែកពីស្នាដៃដទៃដូចម្តេចខ្លះ?
- ប្រមើលពីផលប្រយោជន៍ដែលអ្នកអាននឹងទទួលបានពីស្នាដៃនេះឲ្យគេបានដឹងជាមុន។
ការសរសេរសាច់រឿង : ជាធម្មតាយើងតែងចែកសាច់រឿងជាច្រើនជំពូក ជាចំណងជើងតូចៗ និងជាវគ្គផ្សេងៗ។ វគ្គនីមួយៗមាន
បីដំណាក់កាល គឺដំណាក់កាលផ្ដើម ខ្លឹមសារ និងសរុប។ វគ្គនីមួយៗ គួរតែមានសាច់រឿងសំខាន់តែមួយឲ្យបានច្បាស់លាស់
ហើយមិនគួរឲ្យវែងពេកទេ។ វគ្គនីមួយៗត្រូវមានន័យខ្លឹមសារគ្រប់គ្រាន់ ហើយមានលំនាំតជាប់គ្នាជាហូរហែទៅវគ្គបន្តៗទៀត។
ការពង្រីកសេចក្ដី​​ : ផ្ដល់និយមន័យ​ លើកឧទាហរណ៍ ផ្ដល់ហេតុផល ប្រៀបធៀប... ក្នុងវគ្គនីមួយអ្នកអាចបញ្ជាក់បន្ថែមពីគោល
គំនិតសំខាន់ៗសាជាថ្មី ដាក់ជាសំណួរសុភាសិត...។
ការសរសេរសេចក្ដីបញ្ចប់​ : ជាការសរុបអត្ថន័យសំខាន់ៗ គោលគំនិតធំៗ គោលបំណងនៃការសរសេរដើម្បីឲ្យអ្នកអានបានដឹងថា
យើងបានធ្វើដំណើរមកដល់ទីបញ្ចប់នៃវគ្គណាមួយហើយ។
ជំហានទី​ ៦ : ដុសខាត់អត្ថបទនិពន្ធ
ពិនិត្យកែសម្រួលខ្លឹមសារថាតើនៅខ្វះខាតត្រង់ណា? អានទៅមានស្ទះកន្លែងណា?​ មិនច្បាស់ត្រង់ណា? ត្រង់ណាខ្លះនៅមិនទាន់សមរម្យ?
ដោយអនុវត្តតាមរបៀបដូចតទៅ ៖
- កែសម្រួលចំណងជើងធំ ចំណងជើងតូចៗក្នុងវគ្គនីមួយៗ (រកចំណងជើងឲ្យបានសក្តិសមបំផុត)
- កែសម្រួលអត្ថន័យណាដែលមិនទាន់ច្បាស់លាស់ ច្រំដែល ត្រង់ណាគួរបន្ថែមឬគួរបន្ថយ?
- កែសម្រួលការប្រើពាក្យពេចន៍ ឃ្លាប្រយោគឲ្យបានខ្លី ច្បាស់ៗ។
- ពិនិត្យការដកឃ្លា ការប្រើខណ្ខសញ្ញា ការចុះបន្ទាត់។
- កែសម្រួលតិចនិចនៃការបញ្ចេញបញ្ចូលវោហារ គំនូរ រូបភាព ការលើកឧទាហរណ៍...
- ថែមល្បោយ សុភាសិត​ ពាក្យស្លោក ពំនោល ចំនេះដឹងប្លែកៗ... ។ល។
ជំហានទី ៧ : ផ្ទៀងផ្ទាត់  ពិនិត្យផ្ទៀងផ្ទាត់អំពីកំហុសផ្សេងៗដូចជាអក្ខរាវិរុទ្ធ ទិន្នន័យ វិធីលើកបង្ហាញថាវាសមរម្យទៅតាមសាច់រឿង
ដែរឬទេ? តើមានខ្លឹមសារគ្រប់គ្រាន់និងត្រឹមត្រូវតាមវត្ថុបំណងដែលបានកំណត់ក្នុងអត្ថបទនិពន្ធដែរឬយ៉ាងណា?
៦. គុណសម្បត្តិដែលអ្នកនិពន្ធគួរមាន
1. ស្រលាញ់ការតែងនិពន្ធ
2. ស្រលាញ់ការអាន ចង់ចេះចង់ដឹង
3. ពូកែគិត​ មានបែបផែនក្នុងការគិត ចេះគិតច្នៃប្រឌិត គិតឲ្យរីកចម្រើន មានរូបារម្មណ៍
4. មានសមាធិ មានការព្យាយាម មានអារម្មណ៍ស្ងប់ មានឆន្ទៈមោះមុត មិនរុញរា
5. មាន​ការប្រិតប្រៀង លម្អិត ប្រយ័ត្នប្រយែង យកចិត្តទុកដាក់ទៅលើគ្រប់ចំណុចពីតូចដល់ធំ
6.​ មានអារម្មណ៍រីករាយ កំប្លែង
7. គិតក្នុងផ្លូវល្អ មានសុទិដ្ឋិនិយម
8.​ មានបទពិសោធ
9.​ មានសម្ថភាព ពូកែជ្រើសរើសខ្លឹមសារ និងពូកែប្រើភាសា (មានទេពកោសល្យ)
10. មានសុជីវធម៌ មានគុណធម៌ និងមានការទទួលខុសត្រូវក្នុងអាជីពរបស់ខ្លួន
11. មានហេតុផល ជាមនុស្សដែលគួរឲ្យជឿទុកចិត្ត
12. ចេះយក​ចិត្តទុកដាក់ចំពោះមនុស្សជុំវិញនិងចំពោះអ្នកអាន
13. មានការជឿជាក់ មានភាពក្លាហាន មានភាពជាម្ចាស់លើខ្លួនឯង
14. មាននោសញ្ចេតនា មានភាពជាអ្នកសិល្បៈ ចេះបញ្ចូលអារម្មណ៍និងសភាវគតិក្នុងការសរសេរ
15.​​ មានភាពវាងវៃ ឆាប់យល់ និងតបស្នងបានលឿន​(Reflex) ពូកែសង្កេត ពូកែចាំ
16. មានចិត្តទូលំទូលាយ បើកចំហ ទទួលស្ដាប់ការតិទៀនកែលម្អ
17. មានស្មារតីរៀនសូត្រ ហ្វឹកហាត់ និងអភិវឌ្ឍខ្លូនឯងជាប្រចាំ។

កែសម្រួលបន្ថែម ថ្ងៃទី 7 ខែកក្កដា ឆ្នាំ 2014

សំណួរចម្លើយ
វិធីហាត់បំបែកគំនិតឲ្យ​បានសម្បូរបែប
ក. មានឈើចាក់ធ្មេញ ៩ ដើម តើធ្វើដូចម្ដេចឲ្យបាន ១០ ដោយមិនកាច់បំបាក់ឈើចាក់ធ្មេញ?
1. រៀបជាលេខ 10
2.​​ ខ្ចីអ្នកដទៃ
3. យកមកដាក់ថែម
4. គូររូបថែម
5. ...
ខ. មានប្រាក់ ២០០០ រៀល ទិញឥវ៉ាន់អស់ ៧០០ តើនៅសល់ប៉ុន្មាន?
1. បើមានក្រដាស​ 2000 អាប់ 1300
2. បើមានក្រដាស 1000 ពីរសន្លឹក...
3. បើមានលុយរាយ
4. ...
គ. អ្នកស្រែម្នាក់មានគោដប់ក្បាល គាត់ចង់ចែកឲ្យកូន ៣​នាក់ ស្មើៗគ្នា តើគាត់ត្រូវធ្វើដូចម្តេច?
1. ខ្ចីឬទិញគោគេ​ 2
2. លក់គោ 1 យកលុយមកចែក
3. ទុកខ្លូនឯង 1
4. លក់ទាំងអស់
5. ...
ឃ. បើចង់បានត្រីមកទទួលទាន តែអ្នកគ្មានសន្ទូច តើត្រូវធ្វើដូចម្តេច?
1. ទិញសន្ទូច
2. ទៅស្ទូចនៅកន្លែងជួលសន្ទូច
3. ប្រើឧបករណ៍ផ្សេងៗដូចជា មង សំណាញ់
4. ចាប់នឹងដៃ
5. ឲ្យអ្នកមានឧបករណ៍គេរកត្រីមកឲ្យ
6. ទិញត្រី
7. ចូលហាង
8. ...

សូមអរគុណ!

3:43 AM 1 comment » by Unknown

1 comment:

  1. ទីបន្ទាល់ដ៏អស្ចារ្យមួយនៅលើតួអក្ខរាវិរុទ្ធដែលបាននាំប្តីរបស់ខ្ញុំមកខ្ញុំវិញ។ ខ្ញុំ​បាន​រៀប​ការ​យ៉ាង​មាន​សុភមង្គល​ជាមួយ​ប្តី​ដែល​គួរ​ឱ្យ​ស្រឡាញ់​និង​យក​ចិត្ត​ទុក​ដាក់​មាន​កូន​ពីរ​នាក់។ បញ្ហាដ៏ធំមួយបានកើតឡើងនៅក្នុងគ្រួសាររបស់ខ្ញុំកាលពីប្រាំពីរខែមុន រវាងខ្ញុំ និងប្តីរបស់ខ្ញុំ។ រន្ធត់​ណាស់​ដែល​គាត់​យក​រឿង​នេះ​ទៅ​តុលាការ​ដើម្បី​សុំ​លែងលះ។ គាត់ថាគាត់មិនចង់នៅជាមួយខ្ញុំទៀតទេ ហើយគាត់ក៏លែងស្រលាញ់ខ្ញុំទៀត។ ដូច្នេះ គាត់​បាន​ខ្ចប់​ចេញ​ពី​ផ្ទះ ហើយ​ធ្វើ​ឲ្យ​ខ្ញុំ និង​កូនៗ​ឈឺ​ចាប់​យ៉ាង​ខ្លាំង។ ខ្ញុំបានព្យាយាមគ្រប់មធ្យោបាយដើម្បីយកគាត់មកវិញ បន្ទាប់ពីសុំទានច្រើនដងរួចមកហើយ ប៉ុន្តែនៅតែមិនបានសម្រេច ហើយគាត់បញ្ជាក់ថាគាត់បានសម្រេចចិត្តហើយ គាត់មិនដែលចង់ជួបខ្ញុំទៀតទេ។ ដូច្នេះ នៅល្ងាចមួយ ពេលខ្ញុំត្រឡប់មកពីធ្វើការ ខ្ញុំបានជួបមិត្តចាស់របស់ខ្ញុំ ដែលបានសួរប្តីខ្ញុំ។ ដូច្នេះខ្ញុំពន្យល់គ្រប់យ៉ាងដល់នាង ដូច្នេះនាងប្រាប់ខ្ញុំថា មធ្យោបាយតែមួយគត់ដែលខ្ញុំអាចយកប្តីខ្ញុំមកវិញបានគឺការទៅជួបគ្រូអក្ខរាវិរុទ្ធ ព្រោះនោះជាអ្វីដែលនាងធ្វើផងដែរ ដើម្បីឈ្នះគូស្នេហ៍របស់នាងមកវិញ។ បន្ទាប់មកខ្ញុំបានធ្វើតាមដំបូន្មានរបស់នាង ហើយនាងបានឱ្យខ្ញុំ DR WALE WhatsApp contact:+2347054019402។ ភ្លាមៗនោះខ្ញុំបានផ្ញើសារ WhatsApp របស់ DR WALE ហើយប្រាប់គាត់អំពីការឈឺចាប់ និងបញ្ហាទាំងអស់ដែលខ្ញុំកំពុងប្រឈមមុខ។ DR WALE បាន​ប្រាប់​ខ្ញុំ​ថា​កុំ​យំ​ទៀត​ឡើយ ហើយ​ថា​ខ្ញុំ​ប្រើ​ពេល​សម្រាក​ចិត្ត។ បន្ទាប់ពីការពិភាក្សាជាច្រើនជាមួយ DR WALE ខ្ញុំបានបង់ប្រាក់សម្រាប់សម្ភារៈ និងរបស់របរទាំងអស់ដែលត្រូវការដើម្បីដេញអក្ខរាវិរុទ្ធ ហើយអ្នកសរសេរអក្ខរាវិរុទ្ធបានធានាខ្ញុំថាខ្ញុំនឹងយកប្តីរបស់ខ្ញុំមកវិញក្នុងរយៈពេលមួយសប្តាហ៍។ ពិតជាអស្ចារ្យមែន!! ដូច្នេះ គាត់​និយាយ​ជាមួយ​ខ្ញុំ ហើយ​ប្រាប់​ខ្ញុំ​នូវ​អ្វី​គ្រប់​យ៉ាង​ដែល​ខ្ញុំ​ត្រូវ​ធ្វើ។ បន្ទាប់មកនៅសប្តាហ៍បន្ទាប់ វាពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ដែលប្តីរបស់ខ្ញុំដែលមិនទូរស័ព្ទមកខ្ញុំអស់រយៈពេលប្រាំពីរខែកន្លងមកនេះបានទូរស័ព្ទមកខ្ញុំដើម្បីប្រាប់ខ្ញុំថាគាត់នឹងត្រលប់មកវិញ។ ពិតជា​អស្ចារ្យ​ណាស់!! ដូច្នេះហើយបានជាគាត់ត្រលប់មកផ្ទះវិញដោយក្តីស្រលាញ់ និងរីករាយ ហើយគាត់បានសុំទោសចំពោះកំហុសរបស់គាត់ និងសម្រាប់ការឈឺចាប់ដែលគាត់បានធ្វើឱ្យខ្ញុំ និងកូនរបស់ខ្ញុំ។ បន្ទាប់មក ចាប់ពីថ្ងៃនោះមក ទំនាក់ទំនងរបស់យើងឥឡូវនេះកាន់តែរឹងមាំជាងពេលដែលវាកើតឡើងដោយជំនួយពី DR WALE ។ ខ្ញុំនឹងណែនាំអ្នកនៅទីនោះដើម្បីទាក់ទងដោយសប្បុរស DR WALE WhatsApp/Viber +2347054019402 ឬអ៊ីម៉ែល៖ drwalespellhome@gmail.com

    ReplyDelete

Search

Bookmark Us

Delicious Digg Facebook Favorites More Stumbleupon Twitter

Pages